ប្រវត្តិ​​នៃ​ការ​ថ្វាយ​ព្រះ​មរណ​នាម​ដល់​ព្រះមហាក្សត្រ​ក្រោយ​សោយ​ទិវង្គត

ភ្លាមៗ​នៅ​ក្រោយ​ពេល​ដែល​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ សោយ​ទិវង្គត ព្រះអង្គ​ត្រូវ​ថ្វាយ​ព្រះ​បច្ឆា​មរណនាម​ថា ព្រះ​បរម​រតន​កោដ្ឋ។ ការ​ថ្វាយ​ព្រះមរណនាម​ត្រូវ​បញ្ជាក់​ថា គឺ​ជា​ទំនៀម​ដែល​ខ្មែរ​ធ្លាប់​មាន​តាំង​ពី​បូរាណ​កាល​មក។

RFA/Sochivy

ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ឬ ព្រះ​បរម​រតន​កោដ្ឋ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

 

តើ​ការ​ប្រើ​ប្រាស់​មរណ​នាម​ថ្វាយ​ព្រះមហាក្សត្រ​មាន​អត្ថន័យ​យ៉ាង​ណា និង​មាន​ដំណើរ​ដើម​ទង​យ៉ាង​ណា?

ទំនៀម​ទម្លាប់​ខ្មែរ​តាំង​ពី​បូរាណ​នៅ​ពេល​អង្គ​ព្រះមហាក្សត្រ​សោយ​ ទិវង្គត តែង​ត្រូវ​ថ្វាយ​ព្រះ​នាម​ថ្មី​មួយ​ទៀត ខុស​ពី​ព្រះនាម​ដែល​ព្រះ​អង្គ​នៅ​មាន​ព្រះជន្ម ឬ​ហៅ​ថា ព្រះ​បរម​បច្ឆា​មរណនាម។

ការសិក្សា​ស្រាវ​ជ្រាវ​​ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​រក​ឃើញ​ថា ការ​ប្រើប្រាស់​មរណនាម​ព្រះ​មហាក្សត្រ ត្រូវ​ប្រទះ​ឃើញ​មាន​ក្នុង​សិលាចារឹក​ចាប់​តាំង​ពី​សតវត្ស​ទី​៧។ ការ​ប្រើប្រាស់​ព្រះ​បរម​មរណនាម គឺ​ប្រទះ​កាន់​តែ​ញឹកញាប់​ចំពោះ​ព្រះ​មហាក្សត្រ​សម័យ​អង្គរ ដែល​អ្នក​ប្រវត្តិសាស្ត្រ​បាន​រាប់​ចាប់​ពី​សតវត្ស​ទី​៩ ដល់​ទី​១៤។ បើ​ទោះ​ជា​ពេល​ក្រោយ​មក​ទៀត​គេ​មិន​សូវ​ប្រទះ​ឃើញ​ញឹក​ញាប់​ក្នុង​ការ​ប្រើ​ ប្រាស់​មរណនាម ក៏​ទំនៀម​នេះ​បាន​បន្ត​រហូត​ដល់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

សាស្ត្រាចារ្យ​មហាវិទ្យាល័យ​បុរាណវិទ្យា លោក ព្រាប ចាន់ម៉ារ៉ា មាន​ប្រសាសន៍​ថា ការ​ថ្វាយ​ព្រះ​បរម​មរណនាម​ព្រះមហាក្សត្រ ភាគច្រើន​បាន​កើត​ទៅ​តាម​ជំនឿ​ដែល​ថា ព្រះ​មហាក្សត្រ​នឹង​បាន​ទៅ​ស្ថិត​នៅ​ទី​ឋាន​បរម​សុខ​ណា​មួយ ទៅ​តាម​ជំនឿ​សាសនា​នៃ​ព្រះអង្គ មិន​ថា ព្រហ្មញ្ញ​សាសនា ឬ​ព្រះពុទ្ធ​សាសនា​ឡើយ។

ឯកសារ​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ដែល​យក​សិលាចារឹក​ជា​គោល​បាន​អោយ​ដឹង​ថា ព្រះ​មហា​ក្សត្រ​ខ្មែរ​ដែល​ល្បីល្បាញ ក៏​ត្រូវ​ផ្ដល់​មរណនាម​តាម​សាសនា​របស់​ព្រះអង្គ។ ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ដែល​ស្គាល់​ថា ជា​ក្សត្រ​ស្ថាបនិក​សម័យ​អង្គរ​ដ៏​រុងរឿង ព្រះអង្គ​គោរព​បូជា​ព្រហ្មញ្ញសាសនា និកាយ​ព្រះឥសូរ ហេតុ​នេះ​ព្រះ​អង្គ​មាន​បច្ឆា​មរណនាម​ថា បរមេសូ ដែល​មាន​ន័យ​ថា ព្រះអង្គ​បាន​យាង​ទៅ​ឋាន​បរមសុខ​នៃ​ព្រះ​ឥសូរ។ ចំណែក​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ ដែល​ជា​ក្សត្រ​កសាង​ប្រាសាទ​អង្គរវត្ត ព្រះអង្គ​បាន​បូជា​ចំពោះ​ព្រហ្មញ្ញ​សាសនា និកាយ​ព្រះ​នារាយណ៍ ទើប​ព្រះអង្គ​មាន​មរណនាម​ថា បរម​វិស្ណុ​លោក គឺ​មាន​ន័យ​ថា ព្រះ​អង្គ​បាន​យាង​ទៅ​ឋាន​បរមសុខ​នៃ​ព្រះវិស្ណុ ឬ​ខ្មែរ​យើង​ស្គាល់​ជា​ទូទៅ​ថា ព្រះ​នារាយណ៍។ រីឯ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះអង្គ​គោរព​បូជា​ពុទ្ធសាសនា​មហាយាន ដែល​នាំ​អោយ​ព្រះអង្គ​មាន​បច្ឆា​មរណនាម​ថា ព្រះបាទ​មហា​បរម​សោគតបទ។

ទោះ​ជា​យ៉ាង​ណា​សាស្ត្រាចារ្យ​ផ្នែក​សិលាចារឹក​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ ​ភ្នំពេញ លោក វង់ សុធារ៉ា មាន​ប្រសាសន៍​ថា អ្នក​ប្រវត្តិសាស្ត្រ​ក៏​បាន​រក​ឃើញ​ថា នៅ​ក្នុង​រាជ​មហាក្សត្រ​មួយ​ចំនួន​ក៏​មាន​ការ​ថ្វាយ​មរណនាម​ខុស​ប្លែក​ពី​ ជំនឿ​សាសនា​របស់​ព្រះ​អង្គ​ដែរ។

រយៈ​ពេល​ជា​ច្រើន​សតវត្ស​នៅ​ក្រោយ​សម័យ​អង្គរ ខ្មែរ​យើង​ខ្វះខាត​ឯកសារ​ជា​ប្រភព​សម្រាប់​ប្រវត្តិសាស្ត្រ​ជាក់​លាក់ ជា​ហេតុ​ធ្វើ​អោយ​ព័ត៌មាន​ស្ដីពី​ការប្រើប្រាស់​មរណនាម​ព្រះមហាក្សត្រ​ ជំនាន់​ក្រោយ។ យ៉ាង​ណា​ក៏​រាជប្បវេណី​នេះ​ត្រូវ​គេ​ដឹង​ថា បាន​បន្ត​ជាប់​លាប់​ឡើង​វិញ​ចាប់​តាំង​ពី​រាជ​ព្រះបាទ​អង្គ​ឌួង​មក។

ការ​ថ្វាយ​មរណនាម​សម្រាប់​ព្រះមហាក្សត្រ​សម័យ​ក្រោយ ដែល​ប្រកាន់​យក​ព្រះពុទ្ធ​សាសនា​ថេរវាទ នេះ ត្រូវ​គេ​ប្រើ​ប្រាស់​ពាក្យ​ថា កោដ្ឋ ឬ​ជា​សម្រាយ​ថា ជា​របស់​សម្រាប់​ដាក់​សព ឬ​ដាក់​ធាតុ នៅ​ខាង​ចុង។ ក្នុង​នោះ ព្រះបាទ អង្គឌួង មាន​មរណនាម​ថា ព្រះ​បរម​កោដ្ឋ។ ព្រះ​បាទ នរោត្តម ដែល​សោយ​រាជ្យ​បន្ត​ពី​ព្រះ​បាទ អង្គឌួង មាន​មរណនាម​ថា ព្រះ​សុវណ្ណ​កោដ្ឋ ដែល​សំដៅ​ដល់​វត្ថុ​តម្កល់​ព្រះ​បរម​សព​នោះ​ជា​កោដ្ឋ​មាស។ ហ្លួង​ព្រះសុរាម្រិត ដែល​ជា​បិតា​នៃ​ព្រះ​មហាវីរក្សត្រ គឺ​មាន​មរណនាម​ថា ព្រះ​កញ្ចនកោដ្ឋ ដែល​សំដៅ​ដល់​កោដ្ឋ​ដែល​មាន​ពណ៌​មាស។ ចំណែក​ព្រះ​មហាវីរក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ ដែល​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ ត្រូវ​ថ្វាយ​ព្រះ​បច្ឆា​មរណនាម​ថា ព្រះ​បរម​រតន​កោដ្ឋ។

លោក​សាស្ត្រាចារ្យ វង់ សុធារ៉ា មាន​ប្រសាសន៍​ទៀត​ថា មក​ដល់​ពេល​នេះ គឺ​នៅ​ពុំ​ទាន់​​រក​ឃើញ​មូល​ហេតុ​ច្បាស់​លាស់​ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​ ថា “កោដ្ឋ” នៅ​ខាង​ក្រោយ​ព្រះមរណនាម​ព្រះមហាក្សត្រ​នេះ​ឡើយ។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​សិល្បៈ​នៃ​មហាវិទ្យាល័យ​បុរាណវិទ្យា លោក សឺន ស៊ូប៊ែរ្តិ៍ មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ប្រើ​ប្រាស់​ពាក្យ​ថា កោដ្ឋ គឺ​នៅ​តែ​សំដៅ​ថា ព្រះអង្គ​បាន​យាង​ទៅ​កាន់​ឋាន​បរមសុខ​ដែល​វិសេស​ថ្លៃថ្លា។

ទាក់​ទិន​នឹង​ការប្រើប្រាស់​មរណនាម​នេះ​មាន​ការ​សន្និដ្ឋាន​មិន​ផ្លូវ​ ការ​ថា ខ្មែរ​អាច​មាន​ឥទ្ធិពល​ពី​ឥណ្ឌា ដោយ​ផ្អែក​ថា ការ​ប្រើ​ប្រាស់​មរណនាម​បាន​ផ្សា​ភ្ជាប់​នឹង​សាសនា​ដែល​ប្រទេស​នេះ​ធ្លាប់​ មាន​ឥទ្ធិពល​លើ​ខ្មែរ​រួច​ហើយ។ យ៉ាង​នេះ​ក្ដី​ក៏​គេ​ឃើញ​មាន​ការ​ប្រើ​ប្រាស់​មរណនាម​នៅ​ក្នុង​រាជវង្ស​​ សម័យ​បុរាណ​នៅ​ប្រទេស​ចិន​ដែរ។

តាមរយៈ​ព័ត៌មាន​នៃ​គេហទំព័រ វីគីភីឌា(wikipedia) អោយ​ដឹង​ថា មក​ដល់​សព្វថ្ងៃ​នេះ​ការ​ប្រើ​ប្រាស់​មរណ​នាម​ព្រះមហាក្សត្រ ក៏​គេ​ឃើញ​មាន​នៅ​ប្រទេស​ថៃ និង​ជប៉ុន​ដែរ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s